វេលា​ម៉ោង​៨​យប់​នេះ​ក្រុម​បាល់ទាត់​វិសាខា​ ត្រូវ​ការ​ត្រឹម​ស្មើ​​ក្រុម​ Kedah ប៉ុណ្ណោះ​ ដើម្បី​​ឡើង​ទៅ​កាន់​វគ្គ​បន្ទាប់ ខណៈ​​ក្រុម​តំណាង​ឲ្យ​កម្ពុជា​​មួយ​នេះ​បើ​សិន​បាន​ឡើង​ទៅ​កាន់​ជុំ​បន្ទាប់​ ពួក​គេ​នឹង​បំបែក​កំណត់​ត្រា​ថ្មី​មួយ​គឺ​​ជា​ក្រុម​ឡើង​ទៅ​កាន់​ជុំ​ Knockout ​ជា​លើក​ដំបូង​ក្នុង​នាម​ក្រុម​តំណាង​ឲ្យ​កម្ពុជា​ក្នុង​ពាន AFC Cup ​។

បើ​មើល​ទៅ​លើ​ភាគ​រយ​នៃ​ការ​ឡើង​ទៅ​កាន់​ជុំ​បន្ទាប់​វិសាខា​ហាក់​​មាន​ភាគ​រយ​ខ្ពស់​ខ្លាំង។ ទាក់​ទង​ការ​ប្រកួត​យប់​នេះ​ដែរ​លោក មាស ចាន់ណា គ្រូ​បង្វឹក​របស់​វិសាខា​បាន​​និយាយ​ក្នុង​សន្និសីទ​កាសែត​ថា «​អ្វី​ដែល​ខ្ញុំ​សង្កេត​ឃើញ​​គឺ​កីឡាករ​យើង​ពួក​គាត់​មាន​ឆន្ទៈ​ខ្ពស់​ណាស់​ គាត់​បាន​ត្រៀម​ខ្លួន​រួចរាល់​​សម្រាប់​ការ​ប្រកួត​​នេះ។ ទាំង​កម្លាំង​ ស្មារតី​​ និង​​យុទ្ធសាស្ត្រ​គឺ​យើង​បាន​រៀបចំ​រួច​ហើយ…។ …​ខ្ញុំ​មើល​ឃើញ​ថា ការ​ប្រកួត​នេះ​​​ជា​ការ​ប្រកួត​ ដែល​ក្រុម​យើង​នៅ​តែ​ធ្វើ​បាន​ល្អ​ដដែល​»។​
​​អតីត​គ្រូ​បង្វឹក​ណាហ្គា​រូប​នេះ​​បន្ថែម​ថា ជ័យជម្នះ​២​ប្រកួត​កន្លង​ទៅ​នេះ​មិន​ទាន់​គ្រប់គ្រាន់​ឡើយ ​​ក្រុម​របស់​លោក​នៅ​តែ​បន្ត​យក​ចិត្ត​ទុក​ដាក់​ប្រឹងប្រែង​​ និង​ត្រៀម​ខ្លួន​ឲ្យ​កាន់​តែ​ល្អ​​ ព្រោះ​ការ​ប្រកួត​នេះ​លោក​គិត​ថា​សំខាន់​ខ្លាំង​ណាស់​។ ​អ្វី​ដែល​លោក​បាន​​ដាស់តឿន​ដល់​កីឡាករ គឺ​ការ​ធ្វើ​បាន​ល្អ​ហើយ​ទម្លាក់​​ដៃ​​ ឬ​បន្ថយ​ការ​ខិតខំ​ប្រឹងប្រែង​ ពោល​គឺ​ត្រូវ​តែ​ប្រឹង​ឲ្យ​បាន​កាន់​តែ​ខ្លាំង​ជាង​មុន​ៗ​ទៀត​។

​រំលឹកថា ការ​ប្រកួត​របស់​វិសាខា ​​និង​ក្រុម Kedah នឹង​ធ្វើ​ការ​ប្រកួត​នៅ​ម៉ោង​៨​យប់​នេះ​នៅ​ទឹក​ដី​កណ្ដាល​ ប្រទេស​ឥណ្ឌូណេស៊ី ​ខណៈ​ដែល​​ក្រុម​តំណាងឲ្យ​កម្ពុជា​ពិត​ជា​ធ្វើ​បាន​ល្អ​មែន​ទែន កាល​​ពីរ​ប្រកួត​មុន​គឺ​ឈ្នះ​​ Bali ៥-២ និង​ឈ្នះ​ក្រុម Kaya ២-១ ៕ ​​​​​​​