អេស្ប៉ាញ៖ បន្ទាប់ពី Real Madrid បានយកឈ្នះ Liverpool លើកពាន Champions League វគ្គផ្ដាច់ព្រ័ត្ររួចមក អ្នកកាសែត Fabrizio Romano បានបង្ហើបថា ខ្សែបម្រើ Luka Modric នឹងបន្តកុងត្រាថ្មីថែម១ឆ្នាំទៀតក្នុងការស្នាក់នៅទឹកដី Santiago Bernabeu ។​

ភាគីលោក Carlo Ancelotti បានយកឈ្នះ Liverpool ១ ទល់នឹង ០ ដោយ Vinicius Jr. ជាអ្នករកគ្រាប់ជ័យជំនះនៅនាទីទី៥៤ និងលើកពានទី១៤ក្នុងប្រវត្តិសាស្ត្ររបស់ក្លិប។​

ដោយឡែក Modric ដែលជាកីឡាករចាស់វស្សានៅ Real Madrid បានឈ្នះពាន UCL លើកទី៥ក្នុងអាជីពខ្លួន នឹងអស់កុងត្រាជាមួយក្លិបនៅខែមិថុនាខាងមុខនេះហើយ ប៉ុន្តែសារព័ត៌មាន Marca និងអ្នកកាសែត Fabrizio Romano សុទ្ធតែចុះផ្សាយថា កីឡាករសញ្ជាតិក្រូអាតរូបនេះនឹងបន្តកុងត្រាថែម១ឆ្នាំទៀតដោយទទួលបានប្រាក់ឈ្នួលដូចនឹងកុងត្រាចាស់នេះដែរ។​

Romano បានបង្ហើបថាការចរចាបន្តកុងត្រាថ្មីបានរួចរាល់អស់ហើយគឺតាំងពីពីរខែមុន ហើយ Real Madrid នឹងប្រកាសពីដំណឹងនេះនាពេលឆាប់ៗខាងមុខ៕