អ្នកគាំទ្ររបស់ Real Madrid បាននាំគ្នាស្រែកជេរ Kylian Mbappe ថា “Son of a b****” អំឡុងពេលដង្ហែពាន Champions League កាលពីថ្ងៃអាទិត្យ។
Mbappe ខ្សែប្រយុទ្ធរបស់ PSG ទទួលបានការចាប់អារម្មណ៍ខ្លាំងនៅប៉ុន្មានសប្ដាហ៍ចុងក្រោយ បន្ទាប់ពីកិច្ចសន្យារបស់គេបានបញ្ចប់ដោយយល់ព្រមបន្តកុងត្រាថ្មីនៅទីក្រុងប៉ារីស ជំនួសក្នុងការទៅចូលរួមជាមួយ Real Madrid នៅរដូវក្ដៅនេះ។
ត្បិតស្ថិតក្នុងការជួបជុំគ្នាដើម្បីអបអរភាពជោគជ័យនៅ Champions League ក្រុមអ្នកគាំទ្ររបស់ Madrid បានបង្វែរអារម្មណ៍ទៅលើ Mbappe និងបានប្រើពាក្យមិនសមរម្យ។ អ្នកគាំទ្ររបស់ Madrid ជាច្រើនម៉ឺននាក់បានប្រមូលផ្ដុំក្នុងទីក្រុងរបស់ខ្លួន ដើម្បីអបអរជ័យជម្នះ ១-០ លើ Liverpool។ នៅចំពោះមុខប្រធានក្រុម Marcelo គេបានឮសំឡេងពីអ្នកគាំទ្របានជេរថា “Kylian Mbappe, Son of a b****”។
ក្រោយកុងត្រារបស់ Mbappe បានអស់ជាមួយ PSG មានព័ត៌មានជាច្រើនថា គេអាចនឹងមកចូលរួមជាមួយ Madrid ដែលជាក្លឹបក្នុងក្ដីស្រមៃតាំងពីតូច។ ប៉ុន្តែបន្ទាប់ពីមានការចរចាគ្នា កីឡាករវ័យ២៣ឆ្នាំសម្រេចចិត្តបន្តកុងត្រាថ្មីជាមួយ PSG ដល់ឆ្នាំ២០២៥ ធ្វើឲ្យអ្នកគាំទ្ររបស់ Real ជាច្រើនស្រងាកចិត្ត៕
Cr_Sabay News