បរទេស៖ អតីតខ្សែប្រយុទ្ធ Sergio Aguero គិតថា ក្លិប Real Madrid មានឱកាសច្រើនជាង Liverpool ក្នុងការលើកពាន Champions League នារដូវកាលនេះ។

នាថ្ងៃទី២៩ ខែឧសភា ខាងមុខនេះ ភាគីរបស់លោក Jurgen Klopp និង Carlo Ancelotti នឹងត្រូវជួបតទល់គ្នាក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ UCL ដែលធ្វើឡើងនាទីក្រុង ប៉ារីស ប្រទេសបារាំង។​

ក្នុងនោះ Real Madrid ដែលជាក្រុមម្ចាស់ជើងឯក UCL ដល់ទៅ១៣សម័យ ធ្លាប់យកឈ្នះ Liverpool ៣ ទល់នឹង១ កាលឆ្នាំ២០១៨ ហើយនៅរដូវកាលនេះក្រុមក៏បានលើកពាន La Liga និង Spanish Super Cup ផងដែរ។

Liverpool វិញបានលើកពាន Carabao Cup និង FA Cup នៅរដូវកាលនេះរួចមកហើយ។​

យ៉ាងណាមិញ យោងតាមទស្សនៈរបស់ Aguero គឺគេគិតថា៖ វានឹងក្លាយជារឿងមួយដ៏ពិបាកប៉ុន្តែ ខ្ញុំគិតថា Madrid មានភាគរយច្រើនជាង។ Madrid មានបទពិសោធន៍ច្រើននៅការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ហើយរបៀបដែលពួកគេបានឡើងមកដល់វគ្គផ្ដាច់ព្រ័ត្រធ្វើឲ្យខ្ញុំគិតថាពួកគេមានឱកាសច្រើនជាង។ Liverpool ក៏គោរពក្រុមនេះដែរហើយពួកគេដឹងថាការប្រកួតទល់នឹង Madrid គឺពិតជាស្មុគស្មាញ។​បើទោះបីជាការពិតគឺខ្ញុំមិនខ្វល់ថាក្រុមណាឈ្នះនោះឡើយ។