អេស្ប៉ាញ៖ ខ្សែប្រយុទ្ធ Rodrygo Goes បានសារភាពថាមុនការប្រកួតទល់នឹង Manchester City កាលវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រគឺគេបានភ្នាល់ជាមួយឪពុកថាគេនឹងស៊ុតបញ្ចូលទី Hat-Trick តែដោយសារជាក់ស្ដែងគេរកបានតែ២គ្រាប់ អ៊ីចឹងហើយ ១គ្រាប់នៅសល់ គេនឹងស៊ុតបញ្ចូលទីទល់នឹង Liverpool ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រវិញ។​

Real Madrid ដែលបានបំបាក់ Manchester City ៦ ទល់នឹង ៥ បានឡើងមកជួបសត្រូវចាស់ Liverpool នៅវគ្គផ្ដាច់ព្រ័ត្រ Champions League ដែលធ្វើឡើងនាថ្ងៃទី២៩ ខែឧសភា ខាងមុខនៅឯ Stade de France នាទីក្រុងប៉ារីស ប្រទេសបារាំង។



Rodrygo ឯណេះបានស៊ុតបញ្ចូលទី២គ្រាប់នៅនាទីទី៩០ និង ៩០+១ ជួយឲ្យ Real Madrid ឈ្នះ Man City ៣ ទល់នឹង១ នៅជើងទី២នេះ ហើយរូបគេជឿជាក់ថាខ្លួនឯងនឹងបន្តស៊ុតបញ្ចូលទីទល់នឹង Liverpool ទៀត។



Rodrygo បានថ្លែងថា៖ ខ្ញុំបានភ្នាល់គ្នាជាមួយឪពុករបស់ខ្ញុំថាខ្ញុំនឹងស៊ុតបញ្ចូលទី៣គ្រាប់(ទល់នឹង Man City) តែការពិតខ្ញុំស៊ុតបញ្ចូលទីតែ២គ្រាប់ទេ។​ខ្ញុំអាក់ខានមិនបានស៊ុត១គ្រាប់ទៀត ហើយខ្ញុំនឹងស៊ុតវានៅវគ្គផ្ដាច់ព្រ័ត្រវិញ។​