អ្នកចាត់ការ Thomas Tuchel ហាក់គ្មានទំនុកចិត្តថាក្រុមរបស់ខ្លួន Chelsea អាចវាយបក Real Madrid ដើម្បីមានឱកាសឡើងទៅវគ្គ៤ក្រុមចុងក្រោយ Champions League ឡើយ។
Chelsea នឹងត្រលប់ទៅប្រកួតជើងទីពីរ UCL នៅទឹកដីរបស់ Real Madrid វិញក្នុងកីឡដ្ឋាន Bernabeu ក្នុងរាត្រីនេះ ដែលការប្រកួតនឹងលេងនៅម៉ោង២ទៀបភ្លឺ។ កាលពីជើងទីមួយក្នុងទីក្រុងឡុងដ៏ Madrid បានយកឈ្នះ Chelsea ដល់ទៅ ៣-១។ ៣គ្រាប់របស់ Real ធ្វើបានដោយខ្សែប្រយុទ្ធ Karim Benzema។
Real Madrid បច្ចុប្បន្នជាក្រុមមានទម្រង់លេងល្អ និងកំពុងឈរកំពូលតារាង La Liga។ ការរកបាន៣គ្រាប់សម្រាប់ Chelsea ដើម្បីវាយបកឈ្នះ Real លោក Tuchel គិតថា មិនមែនជារឿងងាយឡើយ។ មុនការប្រកួតយប់នេះអ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់បាននិយាយថា Chelsea មិនមានឱកាសល្អច្រើនទេ ព្រោះតែលទ្ធផលកាលពីជើងទីមួយ។ វាពិតជាទំនងមិនអាចវាយបកបានទេ ប៉ុន្តែពួកយើងនឹងព្យាយាមដើម្បីអ្នកគាំទ្រ។
បញ្ជាក់ថា Chelesa គឺជាក្រុមការពារតំណែងជើងឯក ដោយរដូវកាលមុនពួកគេបានយកឈ្នះ Manchester City ក្នុងវគ្គផ្ដាច់ព្រ័ត្រលទ្ធផល ១-០។ ហើយពួកគេបានទម្លាក់ Real Madrid ក្នុងវគ្គ៤ក្រុមចុងក្រោយ មុនបានឡើងទៅវគ្គផ្ដាច់ព្រ័ត្រ៕