បរទេស៖ លោក Thomas Tuchel បានផ្ទុះកំហឹងដាក់កីឡាករនៃក្រុម Chelsea ខណៈដែលគ្រូបង្វឹករបស់ក្រុមតោខៀវរូបនេះ បានបញ្ចេញអារម្មណ៍ដ៏ខកចិត្តរបស់លោក ក្រោយពីការរងបរាជ័យរបស់ពួកគេក្នុងលទ្ធផល ៣១ ក្រោមស្នាដៃក្រុម Real Madrid ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គ៨ក្រុមចុងក្រោយ ជើងទី១។
ក្រុមរបស់លោក Tuchel ប្រឈមមុខនឹងការធ្លាក់ចេញក្នុងនាមជាក្រុមម្ចាស់ការពារតំណែងជើងឯកក្របខ័ណ្ឌ Champions League មួយនេះ ក្រោយពីបានជួបរាត្រីដ៏ជូរចត់នាកីឡដ្ឋាន Stamford Bridge កាលពីថ្ងៃពុធ។ ការរកបានគ្រាប់បាល់បញ្ចូលទី៣គ្រាប់របស់ខ្សែប្រយុទ្ធ Karim Benzema ដែលបានតែតបាល់បញ្ចូលទីយ៉ាងល្អ២គ្រាប់ និងស៊ុតបាល់បញ្ចូលទីងាយៗ ក្រោយពីការប្រព្រឹត្តកំហុសរបស់អ្នកចាំទី Edouard Mendy នោះ បានធ្វើឲ្យលោក Tuchel ទទួលស្គាល់ថា Chelsea គ្មានឱកាសក្នុងការឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឡើយ។
នៅពេលដែលត្រូវបានចោទសួរថា តើការប្រកួតនេះនៅតែអាចឈ្នះ ឬយ៉ាងណា លោក Tuchel បានឆ្លើយថា៖ «ទេ មិនមែនពេលនេះទេ។ ពីព្រោះយើងត្រូវតែស្វែងរកកម្រិតរបស់យើងត្រឡប់មកវិញ។ ខ្ញុំមិនដឹងថា វាបាត់ទៅណាឡើយ បើគិតចាប់តាំងពីសម្រាកសម្រាប់ការប្រកួតអន្តរជាតិ។ ប្រសិនបើអ្វីៗផ្លាស់ប្តូរ ប្រហែលអាចទៅរួច ប៉ុន្តែ តើមានក្លិបប៉ុន្មានក្នុងពិភពលោក ដែលអាចធ្វើអ្វីដែលយើងចង់បាន ពិសេស គ្រាប់បាល់៣គ្រាប់? តើករណីនេះ កើតឡើងញឹកញាប់ឬអត់?»៕