ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ ថាអ្នកដែលមានក្បាលពោះធំៗ រាងកាយកំពីងកំពោងអាក្រក់នេះគឺមិនអនុញ្ញាតឲ្យធ្វើជាអាជ្ញាកណ្ដាលក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ កម្ពុជាធ្វើម្ចាស់ផ្ទះនោះទេ ព្រោះខ្មាសគេ។
ឯកឧត្ដម តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរបានឲ្យដឹងថា ចំពោះរឿងអាជ្ញាកណ្ដាល ចៅក្រមនៅស៊ីហ្គេម ពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះគឺមានសារសំខាន់ណាស់ ដូច្នេះត្រូវមានការសំរឹទ្ធិសម្រាំងខ្លាំងតែម្ដង។ ចៅក្រម អាជ្ញាកណ្ដាល ត្រូវចេះភាសាច្បាស់លាស់អាចនិយាយស្ដាប់គ្នាបាន។
ប្រធានសហព័ន្ធខាងលើបញ្ជាក់ទៀតថា អាជ្ញាកណ្ដាលដែលត្រូវឡើងចាប់ការប្រកួតលើសង្វៀនគឺត្រូវតែមានរាងកាយសមសួនជាអ្នកកីឡា ឬអាចនិយាយបានថាគ្មានក្បាលពោះកំពីងកំពោងអាក្រក់មើលនោះឡើយ។ ពោលអាជ្ញាកណ្ដាលក៏ជាការបង្ហាញ ឬបង្អួតដល់ប្រទេសដែលចូលរួមផងដែរ បើម្នាក់ៗមិនសក្ដិសមនោះទេគឺមិនអនុញ្ញាតឲ្យធ្វើការងារនេះនៅព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ខាងលើឡើយ។
រំលឹកដែរថា សហព័ន្ធគុនខ្មែរប្រហែល២ឆ្នាំមកនេះគឺមានការកំណែទម្រង់ច្រើនដូចជាផ្លាស់ប្ដូរមុខងារមន្ត្រីមួយចំនួន និងមានការរឹតបន្តឹងខ្លាំងប្រសិទ្ធភាពការងារលើផ្នែកនិមួយៗ។ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ២០២៣ លើកទី៣២ ខាងមុខនេះ៕