អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​ក​ម្ពុជា​ ទទក​ បាន​ប្រកាស បើក​កម្មវិធី​ប្រដាល់​ដណ្តើម​ខ្សែ​ក្រវាត់​​លើកដំបូង ​ដែល​ពុំ​ធ្លាប់​មាន ក្នុង​រយៈ​ពេល ៣០​ឆ្នាំ​កន្លង​មក​នេះ ដើម្បី​ចូលរួម​លើក​ស្ទួយ កីឡាករ​ប្រដាល់​គុន​ខ្មែរ ។

ក្រោយ​ធ្វើ​កម្មវិធី ​TVK Fighter ​ប្រដាល់​លក្ខណៈ​មិត្តភាព​បាន​៥​លើក​កន្លងមក​ កម្មវិធី​មួយ​នេះ​ក៏​បាន​វិវត្តន៍ ហក់​ជ្រោង​តំឡើង​ខ្លួន​ទៅ​ជា​កម្មវិធី​ប្រដាល់​ដណ្តើម​ខ្សែ​ក្រវាត់​ ក្នុង​ប្រភេទ​ទម្ងន់ ​៥៧ Kg ដែល​បាន​ចំរាញ់​យក​ជើង​ខ្លាំង​ ក្នុង​វិស័យ​គុន​ខ្មែរ​រួច​រាល់​ហើយ តាម​ប្រសាសន៍​ណែនាំ ​ពី ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។

កាល​ពី​ព្រឹក​ថ្ងៃ​ទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ កម្មវិធី​ប្រដាល់ TVK Fighter របស់​ អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា បាន​ធ្វើ​ពិធី​ថតរូប​កីឡាករ យក​មក​ផ្សព្វផ្សាយ​កម្មវិធី​ខ្សែក្រវាត់​ ដែល​នឹង​ចាប់​ផ្តើម​ដំណើរ​ការ​ប្រកួត​នៅ​ថ្ងៃទី​ ១០ ខែ​មីនា ឆ្នាំ​ ២០២២ ។

ក្នុង​កម្មវិធី​ថត​រូប​ផ្សព្វផ្សាយ​ខាងលើ ឯកឧត្តម ឃឹម វុទ្ធី ​អគ្គនាយក​ទូរទស្សន៍​ជាតិ​កម្ពុជា ​បាន​មាន​ប្រសាសន៍​ផ្តាំ​ផ្ញើ​ឲ្យ​កីឡាករ​ ទាំង​ ៨រូប ​ខិតខំ​ប្រឹងប្រែង​ប្រកួត​ឲ្យ​អស់ពី​សមត្ថភាព កុំ​លាក់​ក្បាច់ កុំ​លាក់​ស្នៀត ដែល​ការ​ខិត​ខំ​ប្រឹងប្រែង​នេះ គឺ​អរគុណ​ទៅ​ដល់​ម្ចាស់​ស្ពន់ស័រ និង ដើម្បី​ឆ្លើយ​តប​ទៅ​កាន់​ទស្សនិកជន ដែល​ជា​អ្នក​គាំទ្រ ។

ឯកឧត្តម​ ឃឹម វុទ្ធី ​បាន​បន្ថែម​ថា សម្រាប់​កីឡាករ​ទាំងអស់ កុំ​ព្រួយបារម្ភ​រឿង​បញ្ហា​របួស​អំឡុង​ពេល​ប្រកួត​​ បើ​មាន​ករណី​របួស ស្ថានីយ​ទូរទស្សន៍​ជាតិ រ៉ាប់រង ​ដោយ​ព្យាបាល​រហូត ដល់​ជាសះស្បើយ ១០០%​ ក្រោយ​របួស ជា​សះស្បើយ ខាង​ស្ថានីយ​នឹង​ផ្គូផ្គង​ការ​ប្រកួត​ឲ្យ​ជា​ថ្មី​ជូន​ផងដែរ ។

បេក្ខភាព​ដែល​ចូលរួម​ប្រកួត​ទាំង ​៨រូប ត្រូវ​បាន​បែង​ចែក​ជា​​២ពូល ដោយ​ពូល ​A ​មាន​កីឡាករ ​ ឃួន ឡាំកូស៊ីន , ជ័យ គឹមហុង, សាន្ត វាសនា និង យ៉ន ពិសី ។ សម្រាប់​ពូល B វិញ​មាន កីឡាករ ខាំ កូន​ខ្លាំ , ធន់ ​អៀង​ឡេង , សូដា សុភាព និង បាន លឹម ។

កម្មវិធី​ប្រដាល់​ TVK Fighter ដណ្តើម​ខ្សែក្រវាត់ ៥៧Kg នឹង​ដំណើរ​ការ​ប្រកួត​រយៈពេល ​០៤ខែ ដើម្បី​ចំរាញ់​យក​ជើង​ខ្លាំង​ម្នាក់ មក​គ្រង​ខ្សែ​ក្រវាត់​ អម​ជាមួយ​ទឹកប្រាក់ ២០​លាន​រៀល របស់​ស្ថានីយ​ទូរទស្សន៍​ជាតិ ៕ប្រភព ៖ Sabay news