ការប្រកួតក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រ នៅរដូវកាលនេះ នឹងត្រូវប្តូរពីទីក្រុង St Petersburg ស្របពេលដែលសម្ពាធលើកីឡាបាល់ទាត់ ក្នុងការឆ្លើយតបឲ្យបានខ្លាំងក្លាទៅកាន់ការឈ្លានពានផ្នែកយោធារបស់រុស្ស៊ី ស្របពេលដែលវិបត្តិនៅអ៊ុយក្រែន កាន់តែមានកម្រិតធ្ងន់ធ្ងរកាលពីថ្ងៃព្រហស្បតិ៍។ កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិវិសាមញ្ញមួយរបស់ UEFA នឹងត្រូវរៀបចំឡើងនៅថ្ងៃសុក្រនេះ ហើយកីឡដ្ឋានថ្មីមួយ អាចនឹងត្រូវបានជ្រើសរើសសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃយុទ្ធនាការដ៏មានកិត្យានុភាពបំផុតរបស់អឺរ៉ុប។ សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិហៅកាត់ថា FIFA ក៏កំពុងតែរងនូវសម្ពាធផងដែរ ជុំវិញការប្រកួតជម្រុះ World Cup និងតួនាទីរបស់រុស្ស៊ី ក្នុងវគ្គ Playoff នៅថ្ងៃដែល៖
-សហព័ន្ធកីឡាបាល់ទាត់ប៉ូឡូញ សាធារណៈរដ្ឋឆែក និងស៊ុយអែត បានបដិសេធមិនធ្វើដំណើរទៅរុស្ស៊ី សម្រាប់ការប្រកួតជម្រុះ World Cup វគ្គ Playoff។
-សហព័ន្ធកីឡាបាល់ទាត់អ៊ុយក្រែន បានអំពាវនាវឲ្យដកសិទ្ធិរបស់រុស្ស៊ី ចេញពីយុទ្ធនាការរបស់ FIFA និង UEFA។
-សភាអឺរ៉ុប បានសរសេរលិខិតទៅកាន់ UEFA ដើម្បីទាមទារឲ្យបញ្ចប់ទំនាក់ទំនងរបស់ពួកគេជាមួយនឹងក្រុមហ៊ុនរុស្ស៊ី Gazprom ស្របពេលដែលក្លិបអាល្លឺម៉ង់ Schalke បានលុបឈ្មោះក្រុមហ៊ុនឧស្ម័នមួយនេះ ចេញពីអាវរបស់ខ្លួន។
-រដ្ឋាភិបាលចក្រភពអង់គ្លេស បានដាក់បម្រាមមិនឲ្យក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី Aeroflot ដែលមានកិច្ចសន្យាឧបត្ថម្ភក្លិប Manchester United ក្នុងទឹកប្រាក់៤០លានផោន ធ្វើប្រតិបត្តិការក្នុងប្រទេសរបស់ខ្លួន៕