ពិតជាប្លែកភ្នែកទៀតហើយ សម្រាប់ប្រិយមិត្តដែលស្នេហាវិស័យកីឡាបាល់ទះ ព្រោះក្នុងពេលដ៏ខ្លីខាងមុខមជ្ឈមណ្ឌលកីឡា គីម ស៊ាន ដែលមាន​អាសយដ្ឋានផ្លូវលេខ ១១០ ភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល នឹងរៀបចំការប្រកួតគូលំដាប់ស្រុកខ្មែរ២ស្មើក្រៅផ្លូវការមួយ ដើម្បីបង្កើតភាពសប្បាយរីករាយដល់​ទស្សនិកជន និងជម្រុញឱ្យយុវជនខ្មែរងាកមកលេងកីឡាឱ្យបានច្រើន ជៀសឆ្ងាយពីគ្រឿងញៀន។

បើយោងតាមការបង្ហោះរបស់ផេក គីម ស៊ាន គ្រុប ការប្រកួតនេះមានការចូលរួមពីកីឡាករល្បីៗចំនួន៨ក្រុម ដូចជាគូ២ស្មើដាវញីឈ្មោល សុវណ្ណនាថ-ម៉ាប់ឆ្វេង, ឥន្ទ្រីពិឃាដឥន្ទ្រីស្លាបដែក ឌូក-ក្ដូុ, អធិរាជប្រអប់ រាជ-យុន, នាគស្លាបហង្ស ធី ម៉េងហ៊ួង-តាក់មហាផ្ទៃ, អ្នកលេងផ្លែសឺវីសវ័យក្មេង វិចិត្រ-ស្មាត់ភ័ក្ត្រ, បិសាចសឺវីស រ៉ាអង្គរក្ស-ផាន់ណា, យក្សមហាផ្ទៃ-អ៊ឹម ណារិទ្ធ និងក្រុមបងប្អូនល្អ ចន-ណយ។

ការប្រកួតមានរយៈពេល២ថ្ងៃ គឹចាប់ពីថ្ងៃទី៣០ដល់៣១ ខែមករា ឆ្នាំ២០២១ ពីម៉ោង៨ព្រឹកតទៅ។ ថ្ងៃទី៣០ ត្រូវប្រកួតជម្រុះយក៤ក្រុម ដើម្បីឡើងទៅលេងនៅវគ្គផ្ដាច់ព្រ័ត្រថ្ងៃទី៣១។

បើតាមប្រភពដ៏គួរឱ្យទុកចិត្តមួយ ការប្រកួត២ស្មើក្រៅផ្លូវការពាក់កណ្ដាលឆ្នេរខ្សាច់នេះ គឺលេងតាមលក្ខណៈស្តង់ដារ មិនចាប់បោក ឬប៉ះសេជាប់ដៃឡើយ។ ជ័យលាភីលេខ១ នឹងទទួលបានប្រាក់រង្វាន់ ២លាន៤សែនរៀល លេខ​២ទទួលបាន ១លាន២សែនរៀល និងលេខ៣ស្ទួនទទួលបាន ១លានរៀល។

គួរបញ្ជាក់ថាកន្លងមក ធ្លាប់មានរួចមកហើយសម្រាប់ការប្រកួតដណ្ដើមប្រាក់លានក្រៅផ្្លូវការ ៣ស្មើនៅតារាងបាល់ទះកូនភ្លោះក្រុងតាខ្មៅ (រាជ-វិចិត្រ-ទូចអង្គរក្សឈ្នះ) ការប្រកួត៤ស្មើមកពី២៥ខេត្តក្រុងនៅតារាងបាល់ទះព្រែកជ្រៃ (ខេត្តកណ្ដាលឈ្នះ)។ ចំណែកការប្រកួត២ស្មើលើកនេះ នឹងធ្វើឱ្យប្រិយមិត្តកាន់តែជក់ចិត្ត និងរងចាំមើលថាតើអ្នកណាជាជើងខ្លាំង៕

ប្រភព ៖ Sabay News