ទម្រាំក្លាយជាប្ដីប្រពន្ធ សុវណ្ណនាថ និង ធី ស្រីតូច បានស្វែងយល់ចិត្តគ្នាអស់រយៈពេលជាងបីឆ្នាំ។ ក្នុងជំនួបជាមួយ Sabay តាម Internet កាលពីថ្មីៗនេះ ស្រីស្អាតប្រចាំស្រុកពាមជរខេត្តព្រៃវែង បានទម្លាយអស់ពីអត្តចរិតរបស់ស្វាមីជាទីស្រលាញ់របស់ខ្លួន។
ធី ស្រីតូច បង្ហើបថា រ៉េត សុវណ្ណនាថ ជាស្វាមីដ៏ល្អម្នាក់ មិនចេះរញេរញៃច្រើន មិនចេះជក់បារី មិនទទួលទានស្រាផ្ដេសផ្ដាស់ ជាពិសេសដៃគូដ៏ល្អរបស់ម៉ាប់ឆ្វេងនេះ ចេះស្ដាប់ យោគយល់ គោរព និងស្រលាញ់ប្រពន្ធខ្លាំងបំផុត។
ស្រីតូច បញ្ជាក់ ៖«ចំណុចពិសេសរបស់សុវណ្ណនាថ គឺចំណុចដែលខ្ញុំចង់បាន គឺគាត់អត់ចេះជក់បារី អត់ចេះរញ៉េរញ៉ៃ អត់ចេះផឹកស៊ីច្រើន អត់ចេះភូតកុហក់យើង ដើម្បីទៅដើរលេងផឹកស៊ីនៅក្រៅ ហើយម្យ៉ាងគឺខ្ញុំអត់ចូលចិត្តកន្លែងហ្នឹង ពេលស្រលាញ់គ្នាដំបូង ខ្ញុំនិយាយហើយមនុស្សប្រុសដែលខ្ញុំចង់បាន គឺអត់ចេះមានស្រីច្រើន មិនយកជាដុំកំភួនអី មិនចិញ្ចឹមមិនអី គ្រាន់តែញ៉ែគ្នាលេងគឺខ្ញុំមិនចូលចិត្ត គឺថាអ្នកឯងស្រលាញ់ខ្ញុំ គឺស្រលាញ់ខ្ញុំ»។
បើការឱ្យដឹងបន្ថែម ពីភរិយាដ៏ស្រស់ផូរផង់វ័យ២៥ឆ្នាំ គឺសុវណ្ណនាថមិនចេះស្វ៊ីតឡើយ ប៉ុន្តែពេលឈ្លោះគ្នាម្ដងៗស្មាត់ធំជួរមុខលំដាប់ស្រុុកខ្មែររូបនេះ មិនចេះជេរប្រមាទនិងគាស់កកាយលើករឿងមិនល្អ ហើយកីឡាករបាល់ទះមានរហស្សនាមមួយទៀតថា Super Neymar តែងទៅលួងភរិយាមុនជានិច្ច។
គួរបញ្ជាក់ថាសុវណ្ណនាថ និងស្រីស្អាត ធី ស្រីតូច បានស្គាល់គ្នាតាំងពីឆ្នាំ ២០១៧ និងបានរៀបការកាលពីថ្ងៃទី ១១ ខែកក្ដដា ឆ្នាំ២០២០ នៅគេហដ្ឋានខាងស្រីស្រុកពាមជរខេត្តព្រៃវែង៕