
លោកឧត្ដមសេនីយ៍ឯក តែម ម៉ឺន បានធ្វើការណែនាំនេះ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំ និងធ្វើការណែនាំដល់កីឡាករប្រដាល់គុនខ្មែរ ស្ថិតក្នុងក្រុមជម្រើសជាតិឈុតធំ ឆ្នាំ២០២០ គឺ កីឡាករ ឡៅ ចិត្រា និង កីឡាករ យ៉េន ឌីណា ដើម្បីពង្រឹងវិន័យ ក្រមសីលធម៌ប្រកួត ឲ្យសក្ដិសមជាកីឡាករថ្នាក់ជាតិ នៅស្នាក់ការសហព័ន្ធក្នុងពហុកីឡដ្ឋានជាតិ។
លោកឧត្ដមសេនីយ៍ឯក តែម ម៉ឺន បានមានប្រសាសន៍ថា ការណែនាំកីឡាករ ឡៅ ចិត្រា និងកីឡាករ យ៉េន ឌីណា ធ្វើឡើងក្រោយពីអ្នកទាំង២នាក់ ធ្វើការប្រកួតកាលពីសប្ដាហ៍មុន មិនអស់ពីសមត្ថភាព សមជាកីឡាករលំដាប់ប្រទេសនោះឡើយ។
ក្នុងនាមជាកីឡាករត្រូវប្រកួតឲ្យអស់ពីសមត្ថភាព ទោះបីចាញ់ ឬឈ្នះក៏ដោយ មិនត្រូវធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្រខកចិត្តទេ។
លោកប្រធាន បានបន្តថា កីឡាករ ឡៅ ចិត្រា និង កីឡាករ យ៉េន ឌីណា គឺជាក្រុមកីឡាជម្រើសជាតិគុនខ្មែរត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAM ES 2021 លើកទី៣១ នៅប្រទេសវៀតណាម ទីក្រុងហាណូយ នាខែវិច្ឆិកា ខាងមុខនេះ។ មិនថា ឡៅ ចិត្រា និង កីឡាករ យ៉េន ឌីណា ក្រុមកីឡាគុនខ្មែរផ្សេងៗដែលប្រព្រឹត្តបែបនេះ លោក និងសមាជិកប្រតិបត្តិសហព័ន្ធនឹងធ្វើណែនាំដូចគ្នា៕
ប្រភព ៖ កម្ពុជាថ្មី