អ្នកចាត់ការជម្រើសជាតិកម្ពុជា Keisuke Honda បាននិយាយកាលពីចុងសប្ដាហ៍ថា ដោយសារភាពងប់ងុលរបស់អ្នកគាំទ្ររបស់ Botafogo ទើបលោកសម្រេចចិត្តមកលេងនៅលីគកំពូលប្រេស៊ីល។
កីឡាករវ័យ៣៣ឆ្នាំបាននិយាយក្នុងសន្និសីទកាសែតក្នុងការបង្ហាញខ្លួនដំបូងនៅកីឡដ្ឋាន Nilton Santos Stadium របស់ក្លឹប Botafogo ថា លោកបានបដិសេធក្លឹបនៅអឺរ៉ុបនិងអាស៊ីជាច្រើន បន្ទាប់សម្រេចចិត្តមកក្រុមដែលស្ថិតក្នុងទីក្រុង Rio de Janeiro ដោយសារអ្នកគាំទ្រ។
“ខ្ញុំសម្រេចចិត្តមកលេងនៅនៅទីនេះ (Botafogo) ព្រោះមនុស្សជាច្រើននៅទីនេះកំពុងរងចាំខ្ញុំ។ ពួកគេបានបង្ហាញសកម្មភាពនិងទាក់ទងមកខ្ញុំតាមរយៈបណ្ដាញសង្គម។ ខ្ញុំមិនដែលមានអារម្មណ៍បែបនេះទេ។ ពួកគេពិតជាធ្វើឲ្យខ្ញុំរំភើបខ្លាំងណាស់”។ សម្ដីរបស់ Honda។
អតីតកីឡាកររបស់ AC Milan រូបនេះបន្តថា ដោយតែភាពងប់ងុលរបស់អ្នកគាំទ្រ ក្លឹប Botafogo គាំទ្រលោកនិងបាល់ទាត់ ជាហេតុផលធំដែលសម្រេចចិត្តមកប្រេស៊ីល។ ជាការពិតក្នុងថ្ងៃបង្ហាញខ្លួនដំបូងអ្នកគាំទ្រជាង១ម៉ឺននាក់បានមកស្វាគមន៍ Honda៕